កម្ពុជា-សហរដ្ឋអាម៉េរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ ក្នុងជំនួបជាមួយក្រុមប្រឹក្សាធុរកិច្ច US-ABC
នាព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council “US-ABC”) ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុនចំនួន ១៣ រួមមាន៖ SC Johnson, Ford Motor, ConocoPhillips, Target, Coca-Cola, IMSG, Mastercard, VISA, Roche, RMA Group, Phillip Morris International, Abbott, SuVriens & Partners ព្រមទាំងថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការីពាក់ព័ន្ធ ។
ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកអគ្គរដ្ឋទូត Brian D. McFeeters, ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា
និងសហរដ្ឋអាម៉េរិក ក្នុងការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម
និងការបន្តវិនិយោគរបស់ក្រុមហ៊ុនពហុជាតិអាម៉េរិកជាច្រើននៅកម្ពុជា ។
ជាក់ស្ដែង, ក្នុងឆ្នាំ ២០២៥ នេះ, ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា
និងសហរដ្ឋអាម៉េរិក សម្រេចបានប្រមាណ ១៣ ប៊ីលានដុល្លារអាម៉េរិក ខណៈទុនវិនិយោគពីសហរដ្ឋអាម៉េរិកបានកើនដល់ប្រមាណ ១ ប៊ីលានដុល្លារអាមេរិក
ដែលឆ្លុះបញ្ចាំពីភាពរឹងមាំនៃចំណងមិត្តភាពសេដ្ឋកិច្ច
ពាណិជ្ជកម្មរួមចំណែកក្នុងកិច្ចគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
និងការរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាសម្រាប់រយៈពេលមធ្យម
ទៅ វែង ។ ស្របជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
ក៏បានកត់សម្គាល់ពីការបើកទ្វារស្វាគមន៍រាល់កាលានុវត្តវិនិយោគ
ដែលជាការវិនិយោគមានតម្លៃបន្ថែមខ្ពស់ ជាពិសេសចំពោះវិស័យអាទិភាព
និងមានសក្តានុពលខ្ពស់ រួមមានវិស័យកសិ-ឧស្សាហកម្ម, ថាមពលស្អាត,
ឌីជីថល,ឡូជីស្ទីក, សុខាភិបាល, អប់រំ និង បច្ចេកវិទ្យាទំនើប ជាដើម ។
ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនានាកន្លងមក ដោយធ្វើការកត់សម្គាល់អំពីការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់នៃបរិយាកាសវិនិយោគ និងធុរកិច្ច នៅកម្ពុជា ក្នុងរយៈពេល ២ ឆ្នាំ នៃការបំពេញការងាររបស់លោក, បើទោះបីកម្ពុជាបន្តទទួលរងនូវបញ្ហាប្រឈមជាបន្តបន្ទាប់យ៉ាងនេះក្តី ។ ជាមួយគ្នានេះ, ឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាទាំងអស់លើកឡើងអំពីបញ្ហាប្រឈមថ្មី ដែលកំពុងជួបប្រទះ និងស្នើឱ្យក្រុមហ៊ុន ដែលកំពុងស្វែងរកឱកាសវិនិយោគសាកសួរអំពីសក្តានុពលវិនិយោគ នៅកម្ពុជា ផងដែរ ។
ក្នុងឱកាសនោះ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
ក៏បានឆ្លើយតបទៅនឹងការស្នើសុំជាក់លាក់ និងបញ្ហាប្រឈមនានា
ដែលលើកឡើងដោយតំណាងក្រុមហ៊ុនទាំង ១៣
ក៏ដូចជាបានជម្រាបពីដំណើរការកែទម្រង់ជារចនាសម្ព័ន្ធសំខាន់ៗ
របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ
ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ច,
ជំរុញការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ, ពង្រឹងអនុលោមភាព
ដើម្បីធានានូវការប្រកួតប្រជែងដោយយុត្តិធម៌ និងស្មើភាព
និងជាពិសេសជំរុញការចូលរួមសហ-ការជាមួយរាជរដ្ឋាភិបាល តាមរយៈយន្តការ “ក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សំដៅដោះស្រាយនូវបញ្ហាប្រឈមពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព ភាពទាន់ពេលនិងភាពព្យាករបាននៃការប្រែប្រួលគោលនយោបាយនានា ។ បន្ថែមលើនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី
ស្វាគមន៍
និងណែនាំឱ្យក្រុមហ៊ុនដែលកំពុងស្វែងរកឱកាសវិនិយោគតាមមុខសញ្ញាវិនិយោគរបស់ខ្លួន
និងក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការ
ធ្វើការសហការទាក់ទងជាមួយក្រសួងស្ថាប័ន
ទទួលបន្ទុកតាមជំនាញពាក់ព័ន្ធដោយផ្ទាល់ ផងដែរ ។
ក្រោយកិច្ចពិភាក្សា, ឯកអគ្គរដ្ឋទូត សន្យាពាំនាំនូវព័ត៌មាន និងការមើលឃើញដោយផ្ទាល់អំពីស្ថានភាពសេដ្ឋកិច្ច ជាពិសេសអំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅបន្តផ្សព្វផ្សាយនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិកដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និងជវភាពជាក់ស្ដែងនៅកម្ពុជា សំដៅទាក់ទាញវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាម៉េរិក ព្រមទាំងរឹតចំណងមិត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជចំពោះក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន, ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា និងក្រុមហ៊ុនពហុ-ជាតិអាម៉េរិក ដែលបានចូលរួមជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទាំងពីរ សំដៅគាំទ្រកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម និងវែងខាងមុខ ។
ព័ត៌មានទាក់ទង